ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធានសមាគមច្បាប់អាស៊ាន

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានដឹកនាំគណៈប្រតិភូ ដែលរួមមានឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍ និងសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធាននៃសមាគមច្បាប់អាស៊ាន លោកចៅក្រម Lee Seiu Kin ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានសិង្ហបុរី និងជាចៅក្រមនៃតុលាការកំពូល និងគណៈប្រតិភូ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងារទិសដៅការងារ និងចក្ខុវិស័យរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាដែលមានសមាជិកសមាជិកាសុទ្ធតែជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ទទួលបានឱកាសក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម លី ច័ន្ទតុលា ក៏បានបញ្ជាក់បន្ថែមពីការគាំទ្រនិងត្រៀមខ្លួនយ៉ាងរួចរាល់របស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាក្នុងការចូលរួមមហាសន្និបាតលើកទី១៤ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ នាខែតុលា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី។ លើសពីនេះបន្ថែមទៀតតាមរយៈការអញ្ជើញពី គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានម៉ាឡេស៊ី ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជានឹងចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលក្នុងសិក្ខាសាលាច្បាប់អាស៊ានឆ្នាំ២០២៣ ព្រមទាំងបញ្ជូនក្រុមនិស្សិតច្បាប់ដើម្បីចូលរួមប្រកួតតុលាការប្រឌិតអាស៊ានដែលនឹងប្រព្រឹត្តទៅដំណាលគ្នាជាមួយ មហាសន្និបាតលើកទី១៤របស់សមាគមផងដែរ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរដោយបើកចំហរនូវទស្សនវិស័យ និងចែករំលែកព័ត៌មានអំពីការឆ្ពោះទៅមុខរបស់សមាគមច្បាប់អាស៊ាន និងស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ក្រោមក្របខណ្ឌរបស់សមាគមច្បាប់អាស៊ាន។ កិច្ចជំនួបខាងលើបានបញ្ចប់ទៅប្រកបដោយមិត្តភាព ជោគជ័យ និងផ្លែផ្កា។